អជ្ញាធរ​ក្រុង​ បេជ្ញាកម្ចាត់​​គ្រឿង​ញៀន​តាមក្លឹប ខារ៉ាអូខេ ឲ្យ​អស់ត្រឹម​ឆ្នាំ ២០១៩ ខ្នងធំ​ប៉ុណ្ណាក៏​មិន​ខ្លាច

អាជ្ញាធរប្រចាំ​រាជធានីភ្នំពេញនឹង​ចាត់វិធានការ​បង្ក្រាប ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំង​តូចធំទូទាំងក្រុង​ដែល​ជា​សំបុកចែកចាយនិង​ប្រើប្រាស់គ្រឿងញៀន​ ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០១៩ នេះតែម្តង។

អភិបាលរាជធានីភ្នំពេញ​លោក ឃួង ស្រេង បាន​បញ្ជាក់ថា​អាជ្ញាធារទូទាំង​រាជធានីបាន​ត្រៀមខ្លួន​រួចស្រេច ក្នុង​ការ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​អស់​នូវគ្រឿងញៀន​តាមកន្លែង​កម្សាន្ត ដែល​ធ្វើ​ឲ្យ​យុវវ័យ​ជា​ទំពាំង​ស្នងឬស្សីខូចអនាគាត​យ៉ាង​ច្រើន។
ដោយ​ហេតុ​នេះ ទើប​អភិបាល​រាជធានី​រូប​នេះតាស់តឿន​​មន្រ្តី​ក្រោម​បង្គាប់​ពិសេសអភិបាល​ខណ្ឌទាំង ១៤ ឲ្យ​ចាត់វិធានការ​តឹងរឹង​បំផុត ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ សុវត្ថិភាព​តាមភូមិ សង្កាត់ជូន​ពលរដ្ឋ ហើយ​ក្នុង​ករណីកន្លែង​កម្សាន្ត ក្លឹប ខារ៉ាអូខេ ណាមួយ​ហ៊ាន​ល្មើសច្បាប់​ដោយ​បង្ក​ឲ្យ​មាន​ការ​ចរាចរគ្រឿងញៀន នោះ​នឹង​ត្រូវ​បិទ​ចោលនិង​ទទួលទោស​តាមច្បាប់កំណត់។

ក្នុង​នោះ​ដែរ ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ​ បន្ថែម​រឿង​បង្ក្រាបគ្រឿង​ញៀន​ថា បច្ចុប្បន្ន​កម្លាំង​របស់​លោកនៅ​តែ​បន្តចុះ​បង្ក្រាបគ្រឿងញៀនតាមក្លឹបតូចធំនានា ទោះ​កន្លែង​នោះ​មានខ្នង​ធំប៉ុណ្ណាក៏ដោយ ដើម្បីកម្ចាត់​ឲ្យ​អស់​គ្រឿង​ញៀនតាម​ក្លឹបកម្សាន្ត ខារ៉ាអូខេទូទាំង​ប្រទេស​នៅ​ត្រឹមឆ្នាំ ២០១៩ ដែល​ស្រប​ទៅ​នឹង​វិធានការ​របស់​សម្តេច ស ខេង៕
ដោយ៖ រតនា

Popular Posts